កុំភ្លេចស្រលាញ់ខ្លួនឯងខ្លាំងណា!


1. ​ត្រូវលើកទឹកចិត្ដខ្លួនឯង
ជីវិតមនុស្សម្នាក់ៗកើតមក គឺកំណត់ឱ្យខុសៗគ្នា តាំងពី រូបរាង្គ អត្តចរិត ការគិត ពណ៌សប្បុរ ចំណេះដឹង ជំនាញ ឋានៈ កិត្តិយស ទ្រព្យសម្បត្តិ និងរឿងផ្សេងៗទៀតជាច្រើន ។ តែសូមចាំថាត្រូវរស់ ជាខ្លួនឯង កុំយកខ្លួនឯង ទៅប្រៀបជាមួយអ្នកដទៃ តែត្រូវរៀនសូត្រ ពីមនុស្សជុំវិញខ្លួន ដើម្បីកែប្រែជីវិតខ្លួនឯង ។ នៅពេលដែលអ្នក ជួបរឿងដែលលំបាកខ្លាំង ចូរកុំបាក់ទឹកចិត្ដ ត្រូវតែរឹងមាំ ព្រោះគ្មាននរណាម្នាក់ ដឹងពីទំហំនៃសេចក្ដីទុកលំបាក់របស់អ្នក ច្បាស់ជាងអ្នកខ្លួនឯងនោះទេ ចូរកុំអស់សង្ឃឹម កាន់តែពិបាក កាន់តែពុះពារតស៊ូ ត្រូវតែលើកទឹកចិត្ដ ខ្លួនឯងជានិច្ច មានតែខ្លួនឯង ដែលអាច ដោះស្រាយបញ្ហា ដែលខ្លួនឯងកំពុងជួបនោះបាន អ្នកដទៃបានត្រឹម ផ្ដល់យោបល់ តែអ្នកត្រូវទទួលយក ការផ្ដល់យោបល់ ពីមនុស្សនៅជុំវិញខ្លួន ហើយវិភាគថា អ្វីដែលគេបាននិយាយ ពិតជាត្រឹមត្រូវឬអត់ គួរធ្វើតាមគេនិយាយឬ គួរធ្វើតាមគំនិតខ្លួនឯង ព្រោះមានតែអ្នកខ្លួនឯង ប៉ុណ្ណោះ ដែលដឹងច្បាស់ពីបញ្ហា ចូរជឿជាក់លើការគិត និងការសម្រេចរបស់ខ្លួនឯង កុំជឿជាក់ លើគំនិតរបស់ អ្នកដទៃខ្លាំងពេក តែអ្នកអាចវិភាគពី គំនិតយោលបល់របស់គេ បើគិតថាត្រឹមត្រូវ ទទួលយក បើគិតថាមិនត្រឹម ក៏បោះវាចោលទៅ ។ គំនិតរបស់មនុស្សម្នាក់ៗ មិនដូចគ្នានោះទេព្រោះ គ្រប់គ្នា មានបញ្ហារៀងៗខ្លួនខុសៗគ្នា យើងពិបាកបែបយើង គេពិបាកបែបគេ ពេលខ្លះឃើញគេ ញញឹមរីករាយ មិនប្រាកដថាគេ គ្មានបញ្ហានោះទេ កុំទៅច្រណែននឹងជីវិតគេអី យើងរស់បែបយើង គេរស់បែបគេ យើងរីករាយបែបយើង គេក៏រីករាយបែបគេ មនុស្សជុំវិញអ្នក អាចបោះបង់អ្នកបាន តែអ្នកដាច់ខាត មិនអាចបោះបង់ ខ្លួនឯងឡើយ។ ការលើកទឹកចិត្ដខ្លួនឯង ជារឿងដ៏សំខាន់ ដែលអ្នកត្រូវតែធ្វើជាប្រចាំ នៅពេលដែលអ្នក មានអារម្មណ៌ថាហត់នឿយ លំបាក គ្មានអ្នកណាមយល់ ពីអារម្មណ៌របស់អ្នក គ្មាននរណាម្នាក់ រង់ចាំលើកទឹកចិត្ដ អ្នកគ្រប់ពេលនោះទេ ដូច្នេះគឺមានតែអ្នក ខ្លួនឯង ជាអ្នកលើកទឹកចិត្ដខ្លួនឯង កុំបោះបង់ខ្លួនឯងណា ជីវិតមានតម្លៃណាស់ អ្នកបានតស៊ូ តាំងពីក្នុងផ្ទៃម្ដាយ រហូតមកដល់ពេលនេះ គឺអ្នកបាន ខំប្រឹងតស៊ូ ខ្លាំងណាស់ ដូច្នេះ ចូរខំប្រឹងបន្តទៀត រហូតទទួលបាន អ្វីជាក្ដីស្រម៉ៃ របស់អ្នកពិតប្រាកដ ខ្ញុំជឿថាអ្នកអាចធ្វើបាន អ្នកជាមនុស្សដែលរឹងមាំ ស៊ូៗណា។


2. ត្រូវសរសើរខ្លួនឯង
អ្នកអាចសរសើរ អ្នកដទៃបាន ថាម្នាក់នេះពូកែអញ្ចេះ ម្នាក់នោះពូកែអញ្ចុះ ម្នាក់នេះល្អអញ្ចេះ ម្នាក់នោះល្អអញ្ចុះ តែសូមកុំភ្លេចសរសើរ ខ្លួនឯងផងណា ព្រោះអ្នកបានខិតខំខ្លាំងណាស់ រាល់ថ្ងៃ ពេលខ្លះហត់នឿយ ព្រលឹមបាត់ព្រលប់ ចូល ពេលខ្លះត្រូវធ្វើដំណើរ ឆ្លងកាត់កម្ដៅថ្ងៃដ៏ក្ដៅរាប់ម៉ោង ដើម្បីបំពេញ កត្តាព្វកិច្ចប្រចាំថ្ងៃ ពេលខ្លះក៏ត្រូវ ហាលខ្យល់ ហាលភ្លៀង សែនលំបាក ប៉ុន្តែអ្នកអាចតស៊ូជំនះបាន តែអ្នកអាចភ្លេចសរសើរខ្លួនឯង អាចភ្លេចរីករាយ ជាមួយការខិតខំប្រឹង របស់ខ្លួនឯង អ្នកអាចភ្លេចផ្ដល់រង្វាន់ជូនខ្លួនឯង។ ចូរចាំថាគ្នាន នរណាម្នាក់ ដែលមកអង្គុយ ចាំតែសរសើរអ្នក គ្រប់ពេលនោះទេ សូម្បីតែ មនុស្សជាទីស្រលាញ់របស់អ្នក ការនិយាយសរសើរ របស់អ្នកដទៃ ជាញឹកញ៉ូយ ក៏មិនប្រាកដថា គេពិតជាពេញចិត្ដ នឹងអ្នកនោះដែរ គឺមានតែអ្នកខ្លួនឯង តែម្នាក់គត់ ដែលដឹងច្បាស់ ពីភាពហត់នឿយ របស់ខ្លួនឯង ចូរកុំធ្វើជាមនុស្ស ដែលរង់ចាំ ការនិយាយសរសើរ ពីអ្នកដទៃទើបខំប្រឹង ព្រោះអ្នកនឹងក្លាយ ជាមនុស្សទន់ខ្សោយ និងជាមនុស្ស ឆាប់បាក់ទឹកចិត្ដ ដូច្នេះខិតខំប្រឹងប្រែង ដោយខ្លួនឯងនិង សូមសរសើរពីការខិតខំ ប្រឹងប្រែងរបស់ខ្លួ​ន ឯងអោយបានច្រើនណា។


3. ត្រូវតែមាន មោទកភាពចំពោះខ្លួនឯង
ការមានមោទកភាព ចំពោះខ្លួនឯង គឺជារឿងដែលចំបាច់ត្រូវធ្វើ មោទកភាព គឺមិនមែនជាការអ៊ួត ឬមានអំនួតចំពោះខ្លួនឯងនោះទេ មោទកភាព គឺសំដៅទៅលើ​ ការអោយតម្លៃ ទៅលើលទ្ធផល ដែលខ្លួនឯងសម្រេចបាន ដោយការខិតខំប្រឹង យ៉ាងយកចិត្ដទុកដាក់ ទាំងកម្លាំងកាយ កម្លាំងចិត្ដ និងពេលវេលា ដើម្បីសម្រេចបាន នៅរឿងអ្វីមួយ នោះហើយជាមោទកភាព សម្រាប់ខ្លួនឯង ឧទាហរណ៍ថា ៖ ខ្ញុំពិតជាមានមោទកភាព ចំពោះខ្លួនឯងណាស់ ដែលខ្ញុំអាច ធ្វើការងារដ៏លំបាកនេះបាន ឬខ្ញុំពិតជាមាន មោទកភាព ចំពោះខ្លួនឯង ណាស់ ដែលអាចតស៊ូ រស់នៅដោយខ្លួនឯងបាន។
នេះហើយ គឺជាមានមោទកភាពចំពោះខ្លួនឯង!!!!


4. ត្រូវតែស្រលាញ់ខ្លួនឯងអោយច្រើនជាងអ្នកដ៏ទៃ
អ្នកដទៃអាចស្អប់អ្នក អាចមិនគោរព អោយតម្លៃអ្នក តែអ្នកដាច់ខាតមិនអាច មិនស្រលាញ់ ខ្លួនឯង បានឡើយ ។ ចូរកុំរស់ ព្រោះដោយសារនរណាម្នាក់ ចូរកុំបោះបង់ខ្លួនឯង ព្រោះដោយសារ ការបាត់បង់ស្នេហាដ៏ផ្អែមល្ហែម ចូរកុំបោះបង់ខ្លួនឯង ព្រោះដោយសារ ការបាត់បង់មនុស្សជាទី ស្រលាញ់ណាម្នាក់ កុំបោះបង់ខ្លួនឯង ដោយសារការបាត់បង់ ការងារដែលខ្លួន ស្រលាញ់បំផុត ចូរចាំថា អ្វីៗ នៅក្នុងភពផែនដីនេះ គឺសុទ្ធតែមិនទៀងទាត់ រឿងដែលទៀតទាត់ គឺមានតែ៤យ៉ាង នោះទេ គឺកើត ចាស់ ឈឺហើយ និងស្លាប់ទៅវិញ រឿងទាំង៤នេះ គឺគ្មានអ្វីមកកំណត់បានឡើយ ថាកើតពេល ពេលណាត្រូវឈឺ ពេលណាត្រូវចាស់ ពេលណាត្រូវស្លាប់ ។ អ្នកបានតស៊ូ ខិតខំច្រើនហើយ ចូរស្រលាញ់ខ្លួនឯង អោយបានច្រើន អោយតម្លៃខ្លួនឯង កុំខ្វល់ថា មនុស្សជំវិញខ្លួនអ្នក ស្រលាញ់អ្នកប៉ុណ្ណា តែអ្នកត្រូវខ្វល់ថាខ្លួនឯង បានផ្ដល់ក្ដីស្រលាញ់ ចំពោះខ្លួនឯងខ្លាំងប៉ុណ្ណា តើខ្លួនឯងបាន ធ្វើឱ្យខ្លួនឯងរីករាយប៉ុណ្ណា រៀងរាល់ថ្ងៃ នោះទើបជាការ ស្រលាញ់ខ្លួនឯងពិតប្រាកដ។


 


 

Comments